អាជ្ញាកណ្តាលបាល់ទាត់ហូឡង់ជាប់បម្រាមមួយជីវិត

May 23, 2024 - 20:39
 42
ចែករំលែកទៅកាន់

សមាគមបាល់ទាត់ហូឡង់ (KNVB) បានសម្រេចព្យួរការងារអាជ្ញាកណ្តាលបាល់ទាត់មួយរូបកាលពីដើមខែឧសភា ២០២៤ មិនអោយពាកព័ន្ធនឹងវិស័យបាល់ទាត់អស់មួយជីវិតក្រោមបទចោទប្រកាន់កាត់ក្តីលម្អៀង និងបានចូលរួមប្រារព្ធពិធីអបអរសាទរដល់ក្រុមដែលទទួលបានជ័យជម្នះ។

លោក Jan Smit ដែលបានធ្វើអាជ្ញាកណ្តាលកាត់ក្តីក្នុងការប្រកួតវគ្គ Play off លីគទី៤រវាងក្លឹប St George និង SV De Valken ដើម្បីសម្រេចថាក្លឹបមួយណាបានឡើងមកលីគទី៣ ត្រូវបានគេរកឃើញថាមានកំហុស៣ធំៗគឺទីមួយលោកបានអោយកាតក្រហមបណ្តេញកីឡាកររបស់ក្លឹបValken៣នាក់និងកាតក្រហមទី៤បណ្តេញសមាជិកគ្រូបង្វឹក ចេញពីទីលាន។ទីពីរលោកអនុញ្ញាតិអោយមានមានការបន្ថែមម៉ោង១៥នាទីនិងទី៣ លោកបានចូលរួមច្រៀងអបអរសាទរនិងលើកពានជាមួយក្លឹបដែលឈ្នះ St George

សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ហូឡង់បានថ្លែងថា ព្រឹកនេះ យើងបានជូនដំណឹងដល់លោក Smit ថាចាប់ពីពេលនេះតទៅលោកមិនអាចធ្វើជាអាជ្ញាកណ្តាលបានទៀតទេ។ យើងរំពឹងថាលោកនឹងមានអាកប្បកិរិយាអព្យាក្រឹតក្នុងនាមជាអាជ្ញាកណ្តាលសម្រាប់ក្រុមទាំងពីរ តែផ្ទុយទៅវិញលោកបានល្មើសច្បាប់។

ជុំវិញនឹងបញ្ហានេះលោក Smit បាននឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សមាគមបាល់ទាត់ហូឡង់ដែលបានព្យួរគាត់អស់មួយជីវិត ដោយអះអាងថាគាត់បានប្រារព្ធពិធីជាមួយក្លឹបផ្សេងទៀតកាលពីអតីតកាល។លោកបន្តថាការសម្រេចចិត្តរបស់ KNVB ធ្វើឡើងដោយមិនមានការស៊ើបអង្កេត។ លោក​បាន​ទទូច​ថា ការ​សម្រេច​ចិត្ត​ព្យួរ​បែបនេះគឺ​ហួសហេតុ។ លោកអះអាងថាខ្ញុំមិនបានជប់លៀងជាមួយកីឡាករទេ! ខ្ញុំ​ច្រៀង​បាន​តែ​មួយ​បទនិង​លើក​ពាន​បានតែម្តងប៉ុណ្ណោះ៕

 ប្រភព៖ The Sun