អ្នក​គាំទ្រ​អង់គ្លេស​រងការគំរាម​កំហែង​ភេរវកម្ម​ក្នុងព្រឹត្តិការណ៍ Euro ២០២៤

Apr 2, 2024 - 00:18
 6
ចែករំលែកទៅកាន់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោកស្រី Nancy Faeser បាននិយាយថា៖ ការវាយប្រហាររបស់ពួកអ៊ិស្លាមនៅក្នុងទីក្រុងម៉ូស្គូបានបង្កើនគ្រោះថ្នាក់កម្រិតថ្មីមួយខណៈការប្រកួតយូរ៉ូនៅសល់ត្រឹមតែជាង ៧៤ ថ្ងៃ..។

អ្នក​គាំទ្រ​អង់គ្លេស​ដែល​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​ដើម្បី​មើល​ក្រុម​របស់​លោក Gareth Southgate កំពុងរងការព្រមាន​គំរាម​កំហែង​ភេរវកម្ម​ថ្មី​សម្រាប់​ Euro ២០២៤។ លោកស្រី Faeser បានបន្ថែមថា៖ យើងកំពុងប្រមូលផ្តុំកម្លាំងរបស់អាជ្ញាធរសន្តិសុខឱ្យកាន់តែខ្លាំងសម្រាប់ការប្រកួតយូរ៉ូ។នេះគឺជាវិធានការចាំបាច់ដើម្បីការពារព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយនេះ។ ការ​ប្រកាស​អាសន្ន​របស់​លោកស្រីបាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អំពើ​ឃោរឃៅ​របស់​ភេរវជន ISIS-K វាយប្រហារនៅ​សាល​ប្រគំតន្ត្រី​ក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេសរុស្ស៊ី ដែលបាន​សម្លាប់​មនុស្ស ១៤៣ នាក់​។

ក្នុង​ចំណោម​វិធានការ​តឹងរ៉ឹងបំផុត​ដើម្បី​ការពារ​អ្នក​គាំទ្រអង់គ្លេសក្នុង​ការ​ប្រកួត​នៅ​ខែ​មិថុនា​គឺ​ផែនការ​បិទ​ព្រំដែន​បណ្ដោះ​អាសន្ន​និង​បង្កើន​ការ​ត្រួតពិនិត្យ​តាមច្រកព្រំដែនខណៈប៉ូលិសអង់គ្លេសក៏នឹងនៅអាល្លឺម៉ង់ដែរ។ របងដែកនឹងត្រូវដាក់ពង្រាយជុំវិញមូលដ្ឋានក្រុមទាំងអស់ រួមទាំងទីតាំងសម្រាប់តារាបាល់ទាត់អង់គ្លេសរបស់លោក Gareth Southgate ដូចជាប្រធានក្រុម Harry Kane និងកីឡាករវ័យក្មេង Jude Bellingham ពួកគេនឹងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Weimarer Land Golf Resort a ជាមួយមិត្តស្រី និងក្រុមគ្រួសាររបស់ពួកគេក៏ត្រូវបានការពារផងដែរ៕