UEFA សម្រេចបង្កើន​កីឡាករ​ពី ២៣ដល់២៦​ សម្រាប់ EURO ឆ្នាំ ២០២៤

May 6, 2024 - 20:53
 5
ចែករំលែកទៅកាន់

សហព័ន្ធកីទ្បាបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថាក្រុមជម្រើសជាតិទាំង២៤នឹងមាន​​កីឡាករចំនួន ២៦ នាក់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនៅប្រទេសអាល្លឺម៉ង់។ ការស្នើនេះត្រូវបានធ្វើឡើងលើកដំបូងក្នុងកិច្ចប្រជុំគ្រូបង្វឹករបស់ប្រទេសទាំងអស់នៅទីក្រុង Dusseldorf កាលពីខែមុន ប៉ុន្តែនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត UEFA កាលពីថ្ងៃទី២២ ខែមេសា សារព័ត៌មាន Sky Sports News បានដឹងថាប្រតិភូបានបោះឆ្នោតគាំទ្រការផ្លាស់ប្តូរច្បាប់សម្រាប់ Euro ២០២៤ពីការកំណត់កីឡាករ២៣នាក់ឡើងដល់២៦នាក់និងបានបោះត្រាជាផ្លូវការកាលពីថ្ងៃសុក្រ។

UEFA ក៏បានបញ្ជាក់ផងដែរថាក្រុមនីមួយៗត្រូវដាក់ឈ្មោះកីឡករត្រឹមម៉ោង១១យប់ (ម៉ោងនៅចក្រភពអង់គ្លេស) នៅថ្ងៃទី ៧ខែមិថុនា ដំណឹងនេះនឹងជាការលើកទឹកចិត្តសម្រាប់លោក Gareth Southgate និង Clarke ដោយប្រទេសទាំងពីរ អង់គ្លេស និងស្កុតឡែនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកីឡាកររបួសខណៈការប្រកួតEuros ឥឡូវនេះនៅសល់តែ៦សប្តាហ៍ទៀតប៉ុណ្ណោះ។ យុទ្ធនាការ Euro ២០២៤ ក្រុមជម្រើសជាតិអង់គ្លេសនឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែមិថុនា នៅពេលដែលពួកគេប្រឈមមុខនឹងប្រទេសស៊ែប៊ី ខណៈដែលស្កុតឡែន ទទួលម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាកនៅថ្ងៃទី១៤ ខែមិថុនា៕