តារាបាល់ទាត់អង់គ្លេសនឹងចំណាយលុយច្រើនលើវិធានការសន្តិសុខពេលប្រកួត EURO

Apr 22, 2024 - 23:37
 6
ចែករំលែកទៅកាន់

កីឡាករអង់គ្លេស នឹងចំណាយប្រាក់រាប់ម៉ឺនដុល្លារលើវិធានការសន្តិសុខកម្រិតយោធាដើម្បីការពារផ្ទះរបស់ពួកគេក្នុងអំឡុងប្រកួតយ៉ូរ៉ូ បន្ទាប់ពីមានក្រុមចោរតែងតែចូលលួចទ្រព្យសម្បត្តិរបស់តារាបាល់ទាត់ល្បីៗនៅ Premier League

ពួកគេគ្រោង នឹងចំណាយលុយប្រហែលជាង៣០ម៉ឺនដុល្លារ លើកាមេរ៉ាអ៊ីនហ្វ្រារ៉េដ និងកាមេរ៉ាពេលយប់ បូករួមទាំងសន្តិសុខការពារសុវត្ថិភាព២៤ម៉ោង សម្រាប់រយៈពេលនៃការប្រកួតនៅប្រទេសអាល្លឺម៉ង់។ អតីតបុគ្គលិកកងកម្លាំងពិសេសក៏នឹងត្រូវបានជួលឱ្យយាមផ្ទះរបស់ពួកគេក្នុងអំឡុងពេលការប្រកួតយូរ៉ូដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ខែមិថុនាដល់ថ្ងៃទី១៤ ខែកក្កដា។ កីឡាករ​អង់គ្លេស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester បាន​ពិភាក្សា​រួច​ហើយ​អំពី​ផែនការ​ក្នុង​ការ​ជួបជុំ​គ្រួសារ​នាពេល​ថ្មីៗ​នេះ។ កីឡាករខ្លះបានដំឡើងបន្ទប់ការពារភ័យស្លន់ស្លោនៅក្នុងផ្ទះប្រណីតរបស់ពួកគេរួចហើយ ក្នុងការប៉ុនប៉ងរក្សាសុវត្ថិភាពមនុស្សជាទីស្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកំណត់គោលដៅវាយប្រហារទៅកីឡាករបាល់ទាត់។

យោងតាមប្រភពមួយបានប្រាប់ The Mirror ថា ប្រព័ន្ធសុវត្ថិភាពសម្រាប់ផ្ទះមួយគឺមានតម្លៃចន្លោះពី១៤ទៅ ១៨ម៉ឺនដុល្លារ​ និងការជួលសន្តិសុខយាមពេញម៉ោងសម្រាប់ការប្រកួត EURO ។ ពួកគេត្រូវកក់សន្តិសុខសម្រាប់រយៈពេលមួយខែនៃការប្រកួត ក្នុងករណីដែលអង់គ្លេសឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះ វិក្កយបត្រសន្តិសុខចុងក្រោយរបស់ពួកគេមានតម្លៃប្រហែលជាងជាង៣០ម៉ឺនដុល្លារ ខ្សែការពារ Harry Maguire របស់ Manchester United  អ្នកចាំទី Jordan Pickford របស់ Everton និងខ្សែបម្រើ Jack Grealish របស់ Manchester City ស្ថិតក្នុងចំណោមអ្នកដែលមានផែនការសន្តិសុខថ្មី។ ការពង្រឹងសុវត្ថិភាពនេះកើតឡើងបន្ទាប់ពីការវាយឆ្មក់ដ៏គួរឱ្យភ័យខ្លាចជាបន្តបន្ទាប់ទៅលើតារា Premier League Jack Grealish ត្រូវបានក្រុមចោរវាយឆ្មក់យកគ្រឿងអលង្ការតម្លៃជាង១ លានដុល្លារនៅថ្ងៃ Boxing Day ខណៈដែលគ្រួសាររបស់គាត់នៅខាងក្នុង៕

ប្រភព៖ The Mirror