អ្នកចាត់ការទូទៅ ព្រះខ័នរាជស្វាយរៀង និយាយអ្វីខ្លះ? ពីការបន្តកុងត្រាថ្មីរបស់លោក Pep Munoz 

Mar 14, 2024 - 18:45
 11
ចែករំលែកទៅកាន់

អ្នកចាត់ការទូទៅ ក្លិបព្រះខ័នរាជស្វាយរៀង លោក Christopher William Grant លើកទ្បើងពីការបន្តកុងត្រាថ្មីរបស់លោក Pep Munoz ថា៖  «ជាការពិតណាស់! ពួកយើងពិតជារីករាយខ្លាំងមែនទែន ដែលលោក បន្តកុងត្រាថ្មីជាមួយក្លិប។ ចាប់តាំងពីមកដល់ទីនេះរយៈពេល ១០ ខែពួកយើងសង្កេតឃើញថាវាពិតជាមានដំណើរការដ៏រលូនជាមួយនឹងការកាន់តំណែងជាគ្រូបង្គោលរបស់លោក Pep បន្ទាប់ពីការចាកចេញរបស់លោក Conor ទៅកាន់លីគប្រទេសឥណ្ឌា។ វាច្បាស់ណាស់ យើងបានដឹងអំពីលទ្ធផល និងគុណផលលេង នាពេលបច្ចុប្បន្ន ដែលកីទ្បាករគ្រប់រូបកំពុងតែរីករាយនឹងធ្វើការជាមួយ នឹងគាត់ ហើយក្លិបក៏រីករាយដូចគ្នា ខណៈដែលយើងស្ថិតនៅលើវិថីឆ្ពោះទៅសម្រេចគោលដៅនារដូវកាលនេះ។ ជាមួយនឹងការបន្តស្នាក់នៅរបស់លោក Pep រហូតដល់រដូវ​កាល ២០២៤-២៥ ពួកយើងក៏សម្លឹងឆ្ពោះទៅមុខដើម្បីបន្ត​ការអភិវឌ្ឍលើបាល់ទាត់ និងទទួលបានភាពជោគជ័យបន្ថែមទៀត..។ »

គួរបញ្ជាក់ថា គ្រូបង្វឹកសញ្ជតិអេស្ប៉ាញខាងលើនេះ កំពុងតែដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង សម្លឹងរកមើលការឈ្នះជើងឯកលីគកម្ពុជា និងពានសម្តេចថ្នាក់ជាតិលើកទី ១៧ នារដូវកាលនេះ..។ បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោកកំពុងតែស្ថិតនៅលេខរៀងទី ១ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដោយមាន ៥៩ ពិន្ទុ និងសល់ ៤ ប្រកួតទៀត ខណៈដែលក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន កំពុងតែប្រកៀកពីក្រោយចំនួន ៤ ពិន្ទុ..៕