អង្គការលើកលែងទោសជំរុញឱ្យ FIFA វាយតម្លៃសិទ្ធិមនុស្ស  មុនពេលឲ្យធ្វើម្ចាស់ផ្ទះ

Jun 6, 2024 - 22:55
 15
ចែករំលែកទៅកាន់

អង្គការលើកលែងទោសអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា FIFA និងបណ្តាប្រទេសដែលដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ និង២០៣៤គួរតែយល់ព្រមលើការប្តេជ្ញាចិត្តនិងកំណែទម្រង់ច្បាប់ដើម្បីការពារការរំលោភសិទ្ធិមនុស្ស។

កាលពីខែតុលា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានប្រគល់សិទ្ធិធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ដល់ប្រទេសម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់(សហម្ចាស់ផ្ទះ) ខណៈដែលអារ៉ាប៊ីសាអូឌីតជាអ្នកដេញថ្លៃតែម្នាក់ឯងសម្រាប់ឆ្នាំ២០៣៤ដែលធ្វើអោយអង្គការនេះមានការព្រួយបារម្ភនិងបាននិយាយថាវាអាចមានហានិភ័យសិទ្ធិមនុស្សធ្ងន់ធ្ងរដែលត្រូវតែដោះស្រាយ។ អង្គការលើកលែងទោសបានបន្តថា FIFA គួរតែធានានូវដំណើរការដេញថ្លៃយ៉ាងម៉ត់ចត់ និងមានតម្លាភាព ដោយផ្អែកលើការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងការវាយតម្លៃហានិភ័យសិទ្ធិមនុស្សដោយឯករាជ្យពិតប្រាកដ និងយុទ្ធសាស្ត្រសិទ្ធិមនុស្សដ៏ទូលំទូលាយ។ FIFA មិនគួរផ្តល់សិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ដល់ប្រទេសណាមួយ ប្រសិនបើគេគ្មានការធានាអំពីការរំលោភសិទ្ធិមនុស្សច្បាស់លាស់។

អង្គការលើកលែងទោសក៏បានរំលេចអោយច្បាស់ផងដែរថា ថាការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗត្រូវតែទប់ស្កាត់ការរំលោភសិទ្ធិមនុស្សទាក់ទងនឹង សិទ្ធិការងារ ការរើសអើង សិទ្ធិលំនៅដ្ឋាន សេរីភាពនៃការបញ្ចេញមតិ មុនពេលសម្រេចចិត្តអនុម័តផ្តល់សិទ្ធិដល់ប្រទេសណាមួយ។ FIFA បានរួមបញ្ចូលស្តង់ដារសិទ្ធិមនុស្សជាផ្នែកមួយនៃតម្រូវការដេញថ្លៃសម្រាប់ការប្រកួត World Cup ចំនួនពីរ ប៉ុន្តែ Amnesty បារម្ភថាការដេញថ្លៃតែមួយប្រទេសវាកាត់បន្ថយឥទ្ធិពលរបស់ពួកគេដើម្បីធានាថាមិនមានការរំលោភបំពាន។ FIFA បានកំណត់ថ្ងៃផុតកំណត់ខែកក្កដាសម្រាប់ការដាក់សំណើដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤ដែលនឹងត្រូវវាយតម្លៃនៅចុងឆ្នាំនេះ ខណៈដែលម្ចាស់ផ្ទះនឹងត្រូវបានប្រកាសជាផ្លូវការនៅត្រីមាសទី ៤ ឆ្នាំ ២០២៤៕

ប្រភព៖ Reuter