មិនធម្មតាមែន! វិសាខានាំចូលកីទ្បាករថ្មី ដែលមានបទពិសោធន៍យ៉ាងច្រើនលេងនៅអឺរ៉ុប

Jun 4, 2024 - 20:43
Jun 4, 2024 - 20:52
 64
ចែករំលែកទៅកាន់

ក្លិបបាល់ទាត់វិសាខា បានចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធ Jung-bin Park ពីក្លិប Rodez AF នៃក្របខណ្ឌលីគទី ២ របស់ប្រទេសបារាំង ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា (Cambodia Premier League) នារដូវកាល ២០២៤-២៥ ខាងមុខនេះ។

មុនពេលផ្លាស់មកកាន់ស្រុកខ្មែរ កីទ្បាករសញ្ជាតិកូរ៉េខាងត្បូងវ័យ ៣០ ឆ្នាំរូបនេះធ្លាប់មានបទពិសោធលេងនៅកូរ៉េខាងត្បូង, អាល្លឺម៉ង់, ដាណឺម៉ាក, ស្វីល និងបារាំង ដោយលេងឱ្យក្លិប FC Seoul នៃលីគកំពូលកូរ៉េខាងត្បូង, ក្រុមថ្នាលយុវជន Wolfsburg  និង Karlsruher SC នៃលីគទី ២ អាល្លឺម៉ង់, ក្លិប Hobro IK និង Viborng FF នៃលីគកំពូលដាណឺម៉ាក និង Servette FC នៃលីគកំពូលស្វីល ក៏ដូចជាក្លិប Rodez AF នៃលីគទី ២ របស់ប្រទេសបារាំង។

មិនត្រឹមតែប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធ Jung-bin Park ក៏ធ្លាប់ជាប់ជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម ១៧ ឆ្នាំ (២០០៧) និង ២៣ ឆ្នាំ (២០១៦) ផងដែរ។  

យ៉ាងណា ការមកដល់របស់កីទ្បាករខាងលើនេះ បន្ទាប់ពីក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវគ្នាជាមួយនឹងកីទ្បារបរទេស ២ រូបរួមមាន៖ Youssef Ezzejjari និង Jonata De Oliverira Bastos កាលពីកន្លែងថ្មីៗនេះ ក្រោយពីពួកគេមិនអាចជួយក្រុមដឹកនាំដោយលោកគ្រូ មាស ចាន់ណា ឈ្នះពានសូម្បីតែ ១ កាលពីរដូវកាលមុន៕