Everton ខាតបង់ ១១២ លានដុល្លារសម្រាប់រដូវកាល ២០២២-២៣

Apr 2, 2024 - 00:28
 10
ចែករំលែកទៅកាន់

កាលពីថ្ងៃអាទិត្យទី ៣១ មីនា ក្លឹប Everton បានប្រកាសពីការខាតបង់ចំនួន១១២,៥២ លានដុល្លារសម្រាប់រដូវកាល ២០២២-២៣ ដែលស្ទើរតែទ្វេដងបើធៀបទៅនឹងឆ្នាំមុន ខណៈដែលពួកគេកំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់លើកទីពីរនៃការរំលោភលើប្រាក់ចំណេញ និងច្បាប់និរន្តរភាព (PSR )។នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រកាលពីថ្ងៃចន្ទទី១ មេសា ២០២៤..។

នៅក្នុងរបាយការណ៍គណនីចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ Everton បានលើកឡើងថាការខាតបង់មួយយផ្នែកគឺបណ្តាលមកពីការផ្អាករបស់ក្រុមហ៊ុនឧបត្ថម្ភពាណិជ្ជកម្ម រុស្ស៊ី USM Holdings, MegaFon និង Yota បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ វាជាការខាតបង់លើកទី៦ជាប់ៗគ្នាសម្រាប់ក្លឹប Merseyside ដែលបានខាតបង់ជាង៥៦លានដុល្លារសម្រាប់២០២១-២២ ជាមួយនឹងការខាតបង់របស់ពួកគេសម្រាប់រយៈពេល៣រដូវកាលកន្លងមកមានចំនួន៣២២ លានដុល្លារ។

យោងតាមគោលការណ៍ណែនាំរបស់ Premier League ក្លឹបមានហានិភ័យក្នុងការបំពាន PSR ប្រសិនបើពួកគេទទួលរងការខាតបង់ច្រើនជាង ១៣២លានដុល្លារក្នុងរយៈពេល៣ រដូវកាល ឬ ជាង ៤៤លានដុល្លារក្នុងមួយឆ្នាំ។ Everton ត្រូវបានកាត់ចេញ១០ពិន្ទុក្នុងខែវិច្ឆិកា សម្រាប់ការបំពានលើ PSR ទាក់ទងនឹងរដូវកាល ២០២០-២១ទោះបីជាការពិន័យត្រូវបានកាត់បន្ថយមកត្រឹម ៦ពិន្ទុបន្ទាប់ពីការប្តឹងឧទ្ធរណ៍ក៏ដោយ។

Everton ដែលបានលេងជារៀងរាល់រដូវកាលចាប់តាំងពីឆ្នាំ១៩៥៤-៥៥ ក្នុងក្របខ័ណ្ឌកំពូល បានគេចផុតពីការកាត់ចោលក្នុងរដូវកាល ២០២២-២៣ ជាមួយនឹងជ័យជម្នះថ្ងៃចុងក្រោយលើក្រុម Bournemouth ។បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី១៦មាន២៥ ពិន្ទុ និងនាំមុខ៣ ពិន្ទុពីលើតំបន់កាត់ចោល ហើយត្រូវធ្វើដំណើរទៅជួបក្រុម Newcastle នៅថ្ងៃអង្គារ៕