កម្ពុជាបញ្ចប់តួនាទីគ្រូបង្វឹក ក្រោយមិនអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2027

Sep 13, 2024 - 09:55
Sep 13, 2024 - 11:09
 34
ចែករំលែកទៅកាន់

សហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC បានបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Félix Dalmás បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2027 កាលពីកន្លងទៅថ្មីៗនេះ។ 

ជាការពិតណាស់ ការបញ្ចប់កិច្ចសន្យារបស់បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះ បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០២៧ ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២។ ការបរាជ័យនេះ បានធ្វើឱ្យលោកទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកម្ពុជាជាច្រើននាក់ រហូតដល់ទទួចឱ្យចុះចេញពីតំណែងភ្លាមៗតែម្តង។ 

យ៉ាងណា ក្រោយពីលោក Félix Dalmás ត្រូវបានបញ្ចប់តួនាទីជាគ្រូបង្វឹក សហព័ន្ធកីទ្បាបាល់ទាត់បាល់ទាត់កម្ពុជា ក៏បានតែងតាំងគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Kyotoku ជាបណ្នោះអាសន្នសិន ដើម្បីដឹកនាំក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិទល់នឹងចិនតៃប៉ិ និងហុងកុង​ ក្នុងខែតុលា និងចូលរួមប្រកួតប្រជែងពានរង្វាន់ប្រចាំទ្វីបអាស៊ាន AFF  Championships ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។ 

គួរបញ្ជាក់ថា នេះជាលើកទី ២ ហើយដែល FFC ចែកផ្លូវគ្នាជាមួយនឹងលោក ដ្បិតលើកទី១ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹក កំឡុងពេលលោក Keisuke Honda ជាអ្នកចាត់ការទូទៅ កាលពីចន្លោះឆ្នាំ២០១៨-២០២០ ដែលគ្រានោះ លោកបានបង្ក់ើតកំណត់ត្រាថ្មីដ៏អស្ចារ្យដល់វិស័យបាល់ទាត់កម្ពុជា ដោយដឹកនាំក្រុមទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 LG Cup 2019 និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕